ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាបក្ខពួកក្រុមចោរប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងតាមចាប់តាមដីការបស់តុលាការនោះ ពេលនេះត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះមួយល្វែងមួយកន្លែង ក្នុងបុរីសន្តិភាព២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ អាហ្វីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៤ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ដែលកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមចោរខាងលើ បានបាញ់សម្លាប់ជនរងគ្រោះម្នាក់ ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច នៅចំណុចផ្លូវ៥៩៨ ជិតសាលាពៅអ៊ុ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រយៈពេលជាង២ម៉ោងក្រោយមក ដោយរកឃើញថាម៉ូតូជនរងគ្រោះដែលជនសង្ស័យប្លន់យកទៅនោះមានភ្ជាប់នូវប្រពន្ធ GPS ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដេញតាមក្រុមជនសង្ស័យខាងលើ រហូតដល់បាសិដ្ឋ និងបានបាញ់សម្លាប់ជនសង្ស័យ២នាក់ ដែលបានតដៃជាមួយនឹងសមត្ថកិច្ចផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច កំពុងតែជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យខាងលើនេះ ជិះម៉ូតូតែម្នាក់ឯង ដោយមានដីកាពីតុលាការ ថែមទាំងសមត្ថកិច្ចស្គាល់ពីភិនភាគជនសង្ស័យផងនោះ ទើបសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ តែជនសង្ស័យខាងលើនេះមិនបានឈប់ទេ តែបែរជាជិះម៉ូតូគេចពីសមត្ថកិច្ចទៅវិញ។
ប្រភពដដែលបន្តថា ដោយឃើញសភាពការណ៍មិនស្រួល សមត្ថកិច្ចបានជិះតាមព្រមទាំងប្រកាសតាមវិទ្យុទាក់ទងឲ្យតាមស្ទាក់មុខសញ្ញាខាងលើ។ ក្រោយពីជិះដេញតាមរហូតដល់ផ្លូវឡឥដ្ឋ ព្រំប្រទល់ប៉ុស្តិ៍ច្រាំងចំរះទី២ និងប៉ុស្តិ៍ច្រាំចំរះទី១ ជនសង្ស័យបានជិះបុកម៉ូតូសមត្ថកិច្ចដែលឈប់ចំពីមុខ បណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង ស្រាប់តែជនសង្ស័យបានជ្រុះកាំភ្លើងខ្លីមួយដើមម៉ាក K59។ ភ្លាមៗនោះសមត្ថកិច្ចបានផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីបាញ់គម្រាមឲ្យជនសង្ស័យប្រគល់ខ្លួន តែធ្វើឲ្យជនសង្ស័យភ័យរត់យកតែរួចខ្លួន រហូតដល់ផ្ទះរបស់គេដែលមានទីតាំង បុរីសន្តិភាព២ ទើបសមត្ថកិច្ចដាក់កម្លាំងឡោមពទ្ធ័ រហូតចាប់ខ្លួនបានជនសង្ស័យខាងលើនេះតែម្តង
ក្រោយការចាប់ខ្លួនបាន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/Co9UoHiSyLo
មតិយោបល់