ភ្នំពេញៈ បុរសម្នាក់ជាងសំណង់ដោយមានអាការមិនស្រួលខ្លួនបានស្លាប់នៅលើកង់បីគួរឲ្យអាសូរ បន្ទាប់ពីកម្មករដូចគ្នាបានបញ្ជូនទៅសង្គ្រោះ ដោយបានទៅកាន់មន្ទីរពេទ្យចំនួន៣កន្លែង ប៉ុន្តែ ពេទ្យមិនទទួលយកព្យាបាលនិងបន្តដឹកតាមPassappដើររកពេទ្យទៀតស្រាប់តែដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណជាង ៣និង២០នាទី រសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចចំណតរថយន្តក្រុងខាងកើតផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហាក់ ប៊ុនលី អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ និងសព្វថ្ងៃស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានអាការៈមិនស្រួលខ្លួនខ្លាំង បានដាច់ខ្យល់ស្លាប់នៅលើ Passappបន្ទាប់នាំយកចេញពីការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោងប្រហែល ១និង២០នាទី រសៀល ថ្ងៃទី១៦ ខែមិថុនា នេះ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យធំៗចំនួន៣កន្លែងប៉ុន្តែត្រូវបានគ្រូពេទ្យនៅទីនោះ មិនទទួលយកព្យាបាលទាំងអស់។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋាន បានចុះទៅរុំព័ទ្ធកន្លែងសព និងរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច័យចុះពិនិត្យរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់