ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ នៅត្រង់ចំណុចមុខសិប្បកម្មផលិតលូម៉ែបូណា ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិទឹកបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលអោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក KTM DUKE ពណ៌ខ្មៅ-ស ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-0003 អ្នកបើកបរមានឈ្មោះ វី វាស្នា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្ន ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បុកម៉ូតូជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបង្ក ក្រោយកើតហេតុបានបើករត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕






មតិយោបល់