ព័ត៌មានជាតិ

ការញ៉ាំត្រី ជួយដល់បង្កើនប្រាជ្ញា និងការគេងលក់របស់កុមារ

លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិច ១អាទិត្យ ១ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងលក់ កាន់តែល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងពីកម្រិតប្រាជ្ញា ស្ថិតក្នុងលំដាប់ ដែលល្អជាងក្មេង ដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាង ១សប្ដាហ៍ ១ដង។

 

គេហទំព័រ CNN បាននាំយករបាយការណ៍មួយ ដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង The Journal Scientific Report ពាក់ព័ន្ធនឹងលទ្ធផល នៃការសិក្សាស្រាវជ្រាវ ដែលបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់អូមេហ្កា៣ ដែលគេឃើញមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ ដូចជា ត្រីសាល់ម៉ុន ត្រីសារឌីន និងត្រីប្លាធូ មានចំណែកជួយធ្វើឱ្យកម្រិតភាពឆ្លាតវៃ និងការគេងលក់របស់កុមារ ល្អប្រសើរឡើង។

 

តាមរយ:ការសិក្សាស្រាវជ្រាវទៅលើកុមារជនជាតិចិនច្រើនជាង ៥០០នាក់ ដែលមានអាយុអំឡុងពី ៩ – ១១ឆ្នាំ ជាមួយនឹងសំណួរថា តើពួកគេញ៉ាំត្រីចំនួនប៉ុន្មានដងក្នុង ១ខែកន្លងមក ជាមួយនឹងចម្លើយឱ្យជ្រើសរើសគឺ “មិនដែលសោះ” និង “យ៉ាងតិច ១អាទិត្យ ១ដង”។

 

ក្នុងក្រុមកុមារ ដែលឆ្លើយថា ញ៉ាំត្រីរៀងរាល់សប្ដាហ៍ មានពិន្ទុវាស់ IQ 4.8 ខ្ពស់ជាងកុមារ ដែលឆ្លើយថា មិនញ៉ាំត្រីសោះ ឬញ៉ាំដែរ តែញ៉ាំតិច។ ដោយក្រុមអ្នកស្រាវជ្រាវ មិនបានសួរក្មេងៗថា តើត្រីប្រភេទណា ដែលពួកគេបានញ៉ាំនោះឡើយ ខណ:ក្រុមដែលឆ្លើយថា ញ៉ាំត្រីដែរ តែ ញ៉ាំមិនបានញឹកញាប់ មានពិន្ទុ IQ 3.3។

 

ចំណែកចម្លើយពីក្រុមគ្រួសារក្មេងៗ ពាក់ព័ន្ធនឹងគុណភាពការគេងវិញ ការស្រាវជ្រាវ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីជាប្រចាំ ច្រើនមានគុណភាពនៃការគេងល្អប្រសើរជាង ព្រោះគ្មានរឿងមករុកកួនរំខាន ក្នុងអំឡុងពេលគេងលក់ឡើយ។ ក្នុងចំណុចល្អ ដែលកើតឡើងនេះ ធ្វើឱ្យក្រុមអ្នកវិភាគណែនាំទៅឪពុកម្ដាយ អ្នកអាណាព្យាបាល ឱ្យបន្ថែមសាច់ត្រីចូលទៅក្នុងមុខម្ហូបរបស់កុមារ និងបង្ហាត់

ឱ្យកុមារចេះញ៉ាំត្រី តាំងពីអាយុ 2ឆ្នាំឡើងទៅ។

 

ត្រីជាសត្វ​ ដែលមានគុណតម្លៃខាងភោជនាហារខ្ពស់ និងជាអាហារមួយ ក្នុងចំណោមអាហារដ៏ពេញនិយម ព្រោះនៅក្នុងសាច់ត្រីមានប្រូតេអ៊ីនដែលល្អ និងសម្បូរទៅដោយខ្លាញ់ល្អ ស័ក្តិសមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងអំឡុងពេលបញ្ចុះទម្ងន់ ហើយត្រីប្រភេទខ្លះ ថែមទាំងមានអូមេហ្កា៣ ដែលជាអាស៊ីតខ្លាញ់ល្អ ដែលជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ដែលគេប្រទះឃើញមានច្រើននៅក្នុងត្រីសាល់ម៉ុន ជាពិសេសត្រីសាល់ម៉ុន ដែលរស់នៅតាមធម្មជាតិនឹងមានវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត៕

 

មតិយោបល់