ព័ត៌មានជាតិ

Update៖ បាបកម្មទាន់ហន់មែន! ឆក់ទូរស័ព្ទបានហើយ ជិះគេចខ្លួនបុករថយន្តដួលបាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង១០និង១២នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីអ្នកដំណើរម្នាក់ រួចជិះគេចខ្លួនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យដួលបាក់ជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង លើកំណាត់ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យមិនទាន់ស្គាល់នូវអត្តសញ្ញាណនោះឡើយ ។ រីឯនារីរងគ្រោះមានឈ្មោះ មើយ ពៅចិន្តា អាយុ៣៤ឆ្នាំ ។

នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GP-7967 បានធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ពីនារីម្នាក់កំពុងដើរតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចកើតហេតុបានសម្រេច រួចក៏ជិះម៉ូតូដើម្បីគេចខ្លួន ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រុស ពាក់ស្លាកលេខភ្នំពេញ 2AX-2807
បណ្តាលឲ្យជនសង្ស័យដួលរងរបួសធ្ងន់ បាក់ជើងនិងបែកមុខ ត្រូវបាននគរបាលចុះមកដល់ចំណុចកើតហេតុភ្លាមៗផងដែរ បានឲ្យរថយន្តមកដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

ក្រោយពេលកើតហេតុ នារីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការជនសង្ស័យតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់