ត្បូងឃ្មុំៈ នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ១គ្រឿងជិះគ្នា៣នាក់ បើកបញ្ច្រាសទិស បុកពេញទំហឹង ជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសប្បនិមិត្ត ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ហេតុការណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងជិះគ្នា៣នាក់នោះ (មិនមានពាក់មួកសុវត្ថិភាព) ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី 1B-0007 បើកបរដោយ ឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបមនុស្ស ចំនួន២នាក់ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា ( ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នក បើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (រត់គេចខ្លួនបាត់) ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយ ម៉ូតូបើកបរ ឆ្លងផ្លូវពីជើងទៅត្បូងបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត រថយន្តបើកបរ ពីកើតទៅលិចប្រើប្រាស់ល្បឿន ទៅបុកម៉ូតូ បណ្តាលឱ្យខូចខាត ម៉ូតូ និងរថយន្ត កម្រិតធ្ងន់ ។
មូលហេតុ៖ ម៉ូតូបើកបរចេញពីផ្លូវតូច ហើយបត់បញ្ច្រាសទិស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ។ ដោយឡែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់