ភ្នំពេញៈ មានក្មេងស្ទាវមួយក្រុម ប្រមាណជាង១០នាក់ បានជិះម៉ូតូដេញវាយបុរសម្នាក់ តាំងពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ និងវាយគ្នាដោយខ្សែក្រវ៉ាត់ និងកាំបិត បណ្ដាលឲ្យជនរងគ្រោះរបួសជាំខ្លួន និងបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជួយបំបែក ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខហាង មីហឹរ ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបបដឹកអីវ៉ាន់ ស្នាក់នៅម្ដុំវត្តពោធិញាណក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ តាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ បានដឹកអីវ៉ាន់ឲ្យភ្ញៀវ នៅម្ដុំផ្សារអូរឡាំពិក រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តពោធិញាណ ខណៈធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត មកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏មានក្មេងស្ទាវ២នាក់ បានធាក់ម៉ូតូរបស់គាត់ ទាំងដែលរូបគាត់គ្មានកំហុស និងឈ្លោះគ្នាពីមុនមក តែគាត់ក៏ធ្វើដំណើរមកមុខបន្ថែម ទៀត បន្ទាប់មកក្មេងស្ទាវទាំងនោះ ក៏មានបក្ខពួកបន្ថែមប្រមាណជិត១០ម៉ូតូ ដេញតាមរូបគាត់ធាក់ផងវាយផង រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ទើបពួកគេប្រើខ្សែក្រវ៉ាត់ និងកាំបិតកាប់មកលើរូបគាត់ ទាំងកំរោល សំណាងល្អដែរក្រុមក្មេងស្ទាវទាំងនោះ ប្រើខ្នងកាំបិតកាប់ប៉ុណ្ណោះធ្វើឲ្យរបួសជាំខ្លួន និងបែកមាត់តិចតួច ។
ក្នុងហេតុការណ៍ខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឈប់ឈរមើល ព្រមទាំងជួយស្រែកឃាត់ ទើបក្រុមក្មេងស្ទាវទាំងនោះ បំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ដោយឡែកជនរងគ្រោះ ក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឲ្យជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួន ក្រុមក្មេងស្ទាវទាំងនោះ យកមកទទួលទោសតាមច្បាប់ផងដែរ ៕
មតិយោបល់