ព័ត៌មានជាតិ

គួរឲ្យ​អាសូរ! សពបុរសវ័យកណ្ដាល ដែលលង់ទឹកស្រះស្លាប់ បានអណ្ដែតឡើងហើយ

​ភ្នំពេញៈ បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​អស់​រយៈពេល​មួយ​យប់​មក​ហើយ ពេល​ដែល​គាត់​ជិះ​ស្នោ​ក្នុង​ស្រះ​ទឹក ហើយ​អង្គុយ​ផឹកស្រា និង​ច្រៀង​លេងបណ្តើរ តែ​ចៃដន្យ​ក្រឡាប់​ស្នោ​ បណ្តាលឲ្យលង់ទឹក​ស្លាប់ ហើយសព​ក៏បានអណ្តែត​ឡើង ហើយបងប្អូនប្រជាពលរដ្ឋនិងក្រុម​គ្រួសារប្រទះឃើញ ទើបនាំគ្នាជួយស្រង់សពឡើងមក ដើម្បីរៀបចំធ្វើបុណ្យ​តាម​ប្រពៃណី​ ។

សូមបញ្ជាក់ថា​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ស្រះ​ត្រពាំង​អង្គ ភូមិ​ច្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ ហើយ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ប្រជាពលរដ្ឋ និង​សាច់ញាតិ​រាវរក​សព​ពុំ​ទាន់​ឃើញ​នៅឡើយ ។

ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​អ៊ូ ឡាំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ ។ តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចុះ​ជិះ​លើ​ស្នោ​បណ្តែត​ទឹក និង​ផឹកស្រា​ច្រៀង​លេង ។ ដោយសារ​តែ​ស្រវឹង ចៃដន្យ​ស្នោ​បាន​ក្រឡាប់ បណ្តាល​ឲ្យជន​រង​គ្រោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក លង់ស្លាប់តែម្ដង ។

បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​កើតឡើង បងប្អូន និង​អ្នក​ភូមិ​ក៏បាន​នាំ​គ្នា​ចុះរាវរក​សព ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តែ​មិនឃើញ ។

ទន្ទឹម​នឹង​នោះ ក្រុម​គ្រួសារ​ក៏បាន​រៀបចំ​ធ្វើ​ជា​មជ្ឈូសសម្រាប់រៀបចំបូជាសពគាត់​នៅ​ក្បែរ​មាត់​ស្រះទឹក​នោះ និង​ត្រៀម​ធ្វើបុណ្យ​ជា​ស្រេច​ផង​ដែរ តែដោយសារជីវភាព​ក្រីក្រ​ពុំមានអ្វីច្រើនទេ​ គឺបានបងប្អូនប្រជាពលរដ្ឋ និងក្រុម​គ្រួសារ​ក៏​បាន​ទន្ទឹងរង់ចាំ​សព​អណ្តែត​ឡើង។

ទើបនៅវេលាម៉ោងប្រមាណ១១និង១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ​២០១៨នេះ ​សព​ក៏បានអណ្តែត​ឡើង ហើយបងប្អូនប្រជាពលរដ្ឋនិងក្រុម​គ្រួសារប្រទះឃើញ ទើបនាំគ្នាក៏​បាននាំគ្នាជួយស្រង់សពឡើងមក ដើម្បីរៀបចំធ្វើបុណ្យ​តាម​ប្រពៃណី​៕

https://www.youtube.com/watch?v=oIA3oxZFAyE

មតិយោបល់