ព័ត៌មានជាតិ

រថយន្ត Ford ស៊េរីទំនើប បើកលឿនរេចង្កូតបុករះក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger បើកបរក្នុងល្បឿនមួយយ៉ាងលឿន ស្រាប់តែរេចង្កូតបុករះដើមឈើនិងរបងដីឡូត៍ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-3691 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ដោយក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកដើមឈើក្បែរដងផ្លូវ ហើយរថយន្តបង្កបន្តល្បឿនទៅមុខបុករបងថ្មដីឡូត៍ទៀត បណ្តាលឱ្យខូចខាត រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើង និងរងរបួសស្រាលអ្នកបើកបរ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ទីតាំងខាងលើ ធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់