ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះរថយន្តធុនធំពីក្រោយ ខ្ទេចរថយន្តខ្លួនឯងមួយកំណាត់មុខ រួចតៃកុងគេចខ្លួនបាត់

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ ដឹកផ្លែស្វាយមួយគ្រឿង បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកគូទរថយន្តធុនធំមួយគ្រឿង បណ្ដាលឲ្យខ្ទេចរថយន្តផ្នែកមុខ សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុរថយន្តខាងមុខ បានបើកទៅបាត់ ខណ:អ្នកបើកបររថយន្តបង្ក ក៏រត់បាត់ទៀត ទុករថយន្តចោលកណ្តាលផ្លូវ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២,៥ តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5982 ដឹកផ្លែស្វាយពេញរថយន្ត ចំណែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុ បានចុះរត់គេចខ្លួន។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកផ្លែស្វាយខាងលើ បានបើកបរក្នុងល្បឿនលឿន តាមមហាវិថី ឈ្នះ ឈ្នះ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកគូទរថយន្តធុនធំ មួយគ្រឿង បណ្តាលឲ្យរងខូចខាត រួញផ្នែកខាងមុខ តែមិនបង្ករបួសដល់មនុស្ស ចំណែករថយន្តម្ខាងទៀត មិនមានខូចខាតទេ ក៏បន្តដំណើរទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបាន យករថយន្តផ្សេង មកអូសដាក់រថយន្តខាងលើកៀនខាង ជៀសវាងការកកស្ទះចរាចរណ៍៕

មតិយោបល់