តាកែវៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឃាតកម្ម គិតទុកជាមុន។ ជនសង្ស័យទាំង៣នាក់ មានទី១ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នំា មានទីលំនៅភូមិឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង១០នាទី មានករណីឃាតកម្មគិតទុកជាមុនមួយកើតឡើង នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ដូចមានឈ្មោះខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យទាំង៣ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ក្រោយទទួលបានព័ត៌មាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសដោយប្រើប្រាស់គ្រប់វិធានការជំនាញ រហូតឈានដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ទើបបង្ក្រាបជនសង្ស័យទាំង០៣នាក់ខាងលើបាន។
សូមបញ្ជាក់ថាក្រោយកើតហេតុ ជនសង្ស័យទាំង០៣នាក់ខាងលើបានជិះម៉ូតូរត់គេចទៅផ្ទះបងប្អូននៅម្តុំអូរត្រែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លុះព្រឹកឡើងបានជិះរត់រថយន្តឈ្នូលទៅខេត្តបាត់ដំបង ខណៈពេលកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមដានរហូតដល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង តែក្រុមជនសង្ស័យបានមិនបានស្នាក់នៅទេ គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានត្រលប់មករាជធានីភ្នំពេញវិញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមដានយ៉ាងម៉ត់ចត់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ឌឹម ប្រុស នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី និងបន្តស្រាវជ្រាវរហូតដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀតមានឈ្មោះ ម៉ម សម្បត្តិ និងឈ្មោះ ម៉ម សីហា នៅចំណុចភូមិភ្នំតូច ឃុំកុមារាជា ស្រុកបាទី ព្រមទាំងដកហូតបានកាំបិតផ្គាក់ក្រង៉ុក ដងវែង០១ដើម អាវុធកាប់ទៅលើជនរងគ្រោះ និងបន្តនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការសាកសួរបន្ត។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេទាំង០៣ពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ពិតប្រាកដមែន ដោយសារជម្លោះពេលលេងបាល់ទះ៕
មតិយោបល់