កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី មានករណីអំពើលួច(ម៉ូតូ) នៅចំណុចលើផ្លូវជាតិលេខ១២១០ ស្ថិតនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សយ ឌូ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅៗភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល។
ជនសង្ស័យ(ឃាត់ខ្លួន) ឈឹម ធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រុកំណើតភូមិក្រសាល ឃុំជាំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាក់លេខកណ្ដាល1AD-3990(ជារបស់ជនរងគ្រោះរកឃើញវិញ)
២.ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកណូគាចុចពិលពណ៌ខ្មៅ(ជារបស់ជនសង្ស័យ)។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានជនរងគ្រោះបានជិះម៉ូតូមកមើលស្រែប្រាំង ដោយខ្លួនបានទុកម៉ូតូនៅលើផ្លូវកៅស៊ូ ស្រាប់តែមានជនសង្ស័យខាងលើបានមកធ្វើសកម្មភាពកាច់កម៉ូតូរួចជិះគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ ហើយភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងសមត្ថកិច្ចយើងបានបើកកិច្ចប្រត្តិបត្តការ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង លោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កម្លាំងជំនាញនគរបាលយុត្តិធម៌ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នោ ប៉ុស្តិ៍រដ្ឋបាលចារ សហការគ្នា ធ្វើការបែងចែកមុខព្រួញ រួចដាក់រាយកម្លាំងពួនស្ទាក់តាមចំណុចសំខាន់ៗ។
រហូតមកដល់វេលាម៉ោង១០ និង០០នាទី ថ្ងៃខែឆ្នាំដដែលទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូបាននៅចំណុចវត្តឈ្នះ ស្ថិតនៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់