ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួន បុរសញៀនថ្នាំម្នាក់ ករណីជេរប្រមាថនិងគំរាមសម្លាប់ឪពុកខ្លួនឯង

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវបានឃាត់ខ្លួន បុរសញៀនថ្នាំម្នាក់ ដែលបានជេរប្រមាថឪពុកម្តាយ និងគំរាមរកសម្លាប់ឪពុក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០ព្រឹក នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សុត សុង អាយុ៧៤ឆ្នាំ ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ រស់នៅភូមិស្វាយដូនកែវទី២ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវជាកូនបង្កើតរបស់ខ្លួនឈ្មោះ សុង សើន អាយុ៣៦ឆ្នាំ ភេទប្រុស បានសួររកម៉ូតូជិះ តែជនរងគ្រោះដែលជាឪពុក បានឆ្លើយថា ម៉ូតូមិននៅទេស្រាប់តែជនសង្ស័យ ដែលជាកូនបានខឹងរករឿងស្រែកជេរសម្លុតថា បើម៉ូតូមិននៅ ចុះឯណាមាស០១ជីយកមកឲ្យអញ ព្រមទាំងស្រែកគំរាមបើមិនយកមកទេប្រយ័ត្នអញសម្លាប់ចោល ។

ជនរងបានបន្តទៀតថា ដោយសារកូនគាត់កន្លងមកធ្លាប់ជក់គ្រឿងញៀន ហើយធ្លាប់បានយកទៅមណ្ឌល បន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ចំនួន២ដងនឹងជាប់ពន្ធនាគារចំនួន១៨ខែ ហើយបានចេញពីមណ្ឌលបន្សាបគ្រឿងញៀន នៅថ្ងៃទី០២ខែមេសាឆ្នាំ២០២១មកម៉្លេះ ប៉ុន្តែនៅ បន្តប្រើប្រាស់គ្រឿងញៀន និងរករឿងឪពុកម្ដាយជាប្រចាំ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តមើលសារធាតុញៀន ជាលទ្ធផលមានវិជ្ជមាននូវសាធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់