ព័ត៌មានជាតិ

រថយន្តបត់មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យសិស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង០៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យសិស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ប្រុស និងម៉ូតូខូចធ្ងន់មួយគ្រឿង, ចំណែករថយន្តបានបើករត់គេចបាត់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ត្រង់ចំណុចភូមិសំរោង៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ គេឃើញមានរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខភ្នំពេញ 2AR-3948 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅ ពីភ្នំពេញទៅអ្នកលឿង ។ លុះពេលបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង (ពីលិចទៅកើត ) ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMED X ពណ៌ លឿង (ស្លាទុំ) គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចក ជីងហួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស (របួសធ្ងន់) បានឌុបឈ្មោះ លាង គឹមភៀង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្ស (ស្លាប់) អ្នកទាំង០២នាក់ មានទីលំនៅភូមគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅអ្នកលឿងភ្នំពេញ ។

ជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ និងអ្នកស្លាប់សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះម៉ូតូខូចធ្ងន់មួយគ្រឿង ដោយសាររថយន្តបុក អូសទៅមុខចម្ងាយ៣គីឡូម៉ែត្រទើបឈប់ ហើយបន្តបើករត់គេចបាត់ទៅខាងអ្នកលឿង ។ សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ ។ ករណីនេះបង្កឡើង ដោយអ្នកបើករថយន្ត ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ផ្លូវ ៕

មតិយោបល់