ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរៀបចំផែនការយោធា ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ អាចនឹងបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ ដើម្បីការពារប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ប្រសិនបើលោកស្រី ពិតជាបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ តាមការគ្រោងទុកមែននោះ។

មន្រ្តីអាមេរិកមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ AP ឲ្យដឹងថា «ផែនការត្រៀមទុកជាមុន» កំពុងត្រូវបានរៀបចំឡើងដោយយោធាអាមេរិក ដើម្បីការពារលោកស្រី ផេឡូស៊ី កំឡុងការហោះហើរ និងស្នាក់នៅក្នុងករណីដែលលោកស្រីបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ មន្រ្តីដដែលរូបនេះបន្ថែមទៀតថា ទោះបីជាយោធាអាមេរិកមានការបារម្ភតិចតួចបំផុតពីលទ្ធភាព ដែលចិនអាចនឹងវាយប្រហារលើយន្ដហោះដឹកលោកស្រី ផេឡូស៊ី ក៏ដោយ ក៏ពួកគេដឹងយ៉ាងច្បាស់ថា ការយល់ច្រឡំណាមួយអាចនឹងបង្កគ្រោះថ្នាក់ដល់លោកស្រី ផេឡូស៊ី។ ដូច្នេះមន្ទីរបញ្ចកោណកំពុងរៀបចំផែនការយោធា ដើម្បីទប់ស្កាត់រាល់គ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុណាមួយ។

ទីក្រុងប៉េកាំង ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់លោក ផេឡូស៉ី មកកាន់កោះតៃវ៉ាន់ នឹងបង្កឱ្យមានប្រតិកម្មឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ចិន ហើយថាសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវលើ «ផលវិបាកគ្រប់យ៉ាង» ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី កើតឡើងមែននោះ។

លោកស្រី ផេឡូស៊ី ផ្ទាល់មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះបានបញ្ជាក់ថាវាពិតជាមានសារសំខាន់បំផុតសម្រាប់អាមេរិក ដែលត្រូវបង្ហាញការគាំទ្រដល់តៃវ៉ាន់៕

AP

មតិយោបល់