ព័ត៌មានជាតិ

ហេតុអ្វី!ទំនាស់ព្រំដីជាប់គ្នាឃាតករម្នាក់វ័យ៦៧ឆ្នាំ កាប់ជនរងគ្រោះ៤ពូថៅស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់ស្រមោល

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកយាយវ័យ៧៤ឆ្នាំម្នាក់ត្រូវបានឃាតករវ័យ៦៧ឆ្នាំ យកពូថៅកាប់ចំនួន០៤ពូថៅបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមខណៈពេលកំពុងដេកលង់លក់នៅក្រោមផ្ទះពេលថ្ងៃត្រង់ ។ ហេតុការណ៍នៃអំពើឃាត កម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជនដៃដល់ជាឃាតករនៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រ)។

លោកអធិការបានបញ្ជាក់ថា៖ បើតាមការឲ្យដឹងពីឈ្មោះ យ៉ែត ឡាវិនណា អាយុ០៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុខ្លួនបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួនដេកលើឥដ្ឋការ៉ូនៅក្រោមផ្ទះជាមួយគ្នា យាយរបស់ខ្លួនបានដេកលង់លក់ហើយ ចំណែកខ្លួនដេកមិនទាន់លក់ទេ ខណៈពេលនោះឃើញឈ្មោះ ចយ សឺន បានកាន់ពូថៅដើរចូលតាមទ្វារមុខមិនបានបិទ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើយាយរបស់ខ្លួនត្រូវចំក្បាលលឺសូភូសៗ ចំនួន០៤ពូថៅ ពេលឃើញដូច្នោះខ្លួនបានស្ទុះក្រោកពីលើអង្រឹងរត់មកក្រោយផ្ទះ។ ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួន ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា៖ ឆ្លងតាមការស្រាវជ្រាវ ជនរងគ្រោះនិងជនដៃដល់ ធ្លាប់មានទំនាស់គ្នាពីរឿងព្រំដីជាប់គ្នា។ ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្វែងរកចាប់មុខសញ្ញាជនល្មើសដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ប្រសិនជាឈាមស្រែកស្បែកហៅជនដៃដល់ជាឃាតករ មិនអាចរត់គេចផុតពីសំណាញ់ច្បាប់នោះឡើយ៕

 

មតិយោបល់