ព័ត៌មានជាតិ

ម្នាក់ទៀតហើយ! ស្ត្រីម្នាក់ដងទឹកពាងខណៈមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់!

កណ្តាល: ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយ ដោយស្ត្រីម្នាក់ កំពុងដងទឹកពាងខាងក្រៅផ្ទះ ខណ:មេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរន្ទះបាញ់ស្លាប់ខាងលើនេះ មានឈ្មោះ ឃិន សាវ៉ុន ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានប្តីឈ្មោះ ញឹម ពិត អាយុ៦០ឆ្នាំ មុខរបរកសិករ មានកូនចំនួន៥ នាក់ស្រី២នាក់ ប្រុស៣នាក់ ក្នុងបន្ទុកគ្រួសារ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ខណ:មេឃមានភ្លៀងធ្លាក់លាយឡំដោយខ្យល់ និងផ្លេកបន្ទោររន្ទះនោះ ជនរងគ្រោះបានចេញពីក្រោមផ្ទះទៅដងទឹកពាងនៅក្រៅផ្ទះ ចំហៀងខាងជើង ស្រាប់តែមានផ្លេកបន្ទោរហើយ មានរន្ទះបាញ់ឮសូរផាំង ត្រូវចំជនរងគ្រោះបណ្តាលឲ្យធ្លាក់បោយទឹក ពីដៃនិងដួលដេកទៅលើដី ឃើញដូច្នេះឈ្មោះ ម៉ាង សុភាព ភេទស្រី ជាអ្នកជិតខាងបានស្រែកឆោឡោឲ្យគេជួយទើបកូនជនរងគ្រោះនិងមនុស្សជាច្រើននាក់ទៀតមកជួយ ហើយធ្វើចលនាឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពីពិនិត្យសាកសពដោយម៉ត់ចត់ ដោយមានការចូលរួមពី គ្រូពេទ្យ មេភូមិនិងក្រុមប្រឹក្សាឃុំ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ទេ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតែម្តង៕

មតិយោបល់