ព័ត៌មានជាតិ

ពលរដ្ឋ១៤១គ្រួសារ សុំអន្តរាគមន៍ពីសម្តេចតេជោ ខណៈមន្ត្រីខិលខូច ឃុបឃិតលក់ប្រឡាយបង្ហូរទឹកធ្វើស្រែរបស់ពួកគាត់

ព្រៃវែង: ប្រជាពលរដ្ឋប្រមាណជិត២០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង ខណ:អាជ្ញាធរមិនបានដោះស្រាយបញ្ហាជូនពួកគាត់ ទាក់ទងនឹងបញ្ហាឈ្មួញទិញដីរំលោភលុបប្រឡាយបង្ហូរទឹករបស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋបានប្រមូលម្តុំគ្នាកាលពីរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៦ នៅត្រង់ប្រឡាយបង្ហូរទឹកដែលមានទំនាស់ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដោយពួកគាត់លើកឡើងថា ប្រឡាយបង្ហូរទឹកមានចំនួន២អមសងខាងផ្លូវជាតិលេខ៨ នឹងមានផ្លូវលំល្មមបររទេះគោបាន ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៦នេះ ស្រាប់តែមានក្រុមឈ្មួញមានលុយមកចរចាឃុបឃិតគ្នាជាមួយអាជ្ញាធរធ្វើការទិញលក់ដីចំណីផ្លូវជាប់នឹងប្រឡាយទឹកទាំងពីរ ហើយពេលដែលឈ្មួញទិញដីចំណីផ្លូវនោះបានហើយ គេបានចាប់ផ្តើមវាស់វែងរំលោភយកទាំងប្រឡាយបង្ហូរទឹកថែមទេ ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹកមិនអាចបង្កបង្កើនផលដំណាំស្រូវ នឹងដំណាំផ្សេងៗបាន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពីមានបញ្ហានេះពួកគាត់បានផ្តិតមេដៃប្តឹងទៅអាជ្ញាធរស្រុកពារាំង ដើម្បីសុំការអន្តរាគមន៍ ប៉ុន្តែការដោដំណោះស្រាយរបស់អាជ្ញាធរស្រុកហាក់គ្មានឥទ្ធិពលចំពោះបញ្ហានេះឡើយ ដូច្នេះប្រជាពលរដ្ឋបានប្តឹងដល់សាលាខេត្តព្រៃវែង ដោយអភិបាលខេត្តព្រៃវែងចាស់ លោក អ៊ួង សាមី បានចារលើបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយយល់ស្របឲ្យអាជ្ញាធរស្រុកពារាំងត្រួតពិនិត្យបញ្ហានេះជូនពួកគាត់ឡើងវិញ ប៉ុន្តែបើទោះបីមានចំណារពីអភិបាលខេត្តក៏ដោយនៅតែអាជ្ញាធរស្រុកមិនអាចស្តារប្រឡាយទឹកទាំងពីរ ជូនប្រជាពលរដ្ឋបានទេ។

ជុំវិញបញ្ហានេះលោក ហី ធួក អភិបាលស្រុកពារាំង ទើបមកកាន់តំណែងថ្មីបានប្រាប់ Post News តាមទូរស័ព្ទថា មិនមែនអាជ្ញាធរស្រុកព្រងើយកន្តើយមិនដោះស្រាយជូនប្រជាពលរដ្ឋដូចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទេ គឺបញ្ហានេះកើតឡើងតាំងពីឆ្នាំ២០១០ ដែលអភិបាលស្រុកចាស់នៅកាន់តំណែងឯណោះ ហើយលោកបានព្យាយាមសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិ ដែលទិញចំណីផ្លូវនឹងប្រជាពលរដ្ឋឲ្យមានការព្រមព្រៀងគ្នា ប៉ុន្តែភាគីទាំងពីរហាក់មិនទទួលយកការដោះស្រាយឡើយ ដូច្នេះលោកបានបញ្ជូនឯកសារទាំងអស់ដល់មន្ទីរសូរិយោដីខេត្ត ដើម្បីជួយចុះពិនិត្យជាក់ស្តែងនៅបញ្ហានេះ លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខលោកនឹងហៅម្ចាស់ដីរួមជាមួយប្រជាពលរដ្ឋជួបគ្នា ដើម្បីដោះស្រាយម្តងទៀត។ ហើយចំពោះបញ្ហានេះPost News មិនអាចសុំការបំភ្លឺពីលោក ជា សាម៉េតធី អភិបាលខេត្តព្រៃវែង ដែលទើបមកកាន់តំណែងថ្មីបានទេ ដោយសារទូរស័ព្ទជួបគាត់ ចំពេលលោកកំពុងប្រជុំមិនមានពេលបកស្រាយ។

ប្រជាពលរដ្ឋដែលរង់គ្រោះដោយសារការបាត់បង់ប្រឡាយទឹកបានទទូចស្នើសុំការអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពួកគាត់ឲ្យបានប្រឡាយទឹក ដើម្បីប្រើប្រាស់វិញផង ព្រោះមានតែសម្តេចទេដែលអាចជួយរកយុត្តិធម៌ជូនពួកគាត់បាន ព្រោះពួកគាត់គ្រាន់តែចង់បានប្រឡាយដូចដើមវិញ ទុក្ខជាសម្បត្តិតែប៉ុណ្តោះ ពួកគាត់គ្មានបំណងចង់បានយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទេ៕

photo_2016-08-16_10-24-41

photo_2016-08-16_10-24-43

photo_2016-08-16_10-24-44

photo_2016-08-16_10-24-46

photo_2016-08-16_10-24-48

photo_2016-08-16_10-24-50

photo_2016-08-16_10-24-51

photo_2016-08-16_10-24-53

photo_2016-08-16_10-24-55

photo_2016-08-16_10-24-58

photo_2016-08-16_10-25-01

photo_2016-08-16_10-25-03

photo_2016-08-16_10-25-05

photo_2016-08-16_10-25-07

photo_2016-08-16_10-25-12

photo_2016-08-16_10-25-16

photo_2016-08-16_10-25-19

photo_2016-08-16_10-25-21

មតិយោបល់