ព័ត៌មានជាតិ

គួរឲ្យអាសូរ! នារីម្នាក់ជានិស្សិត ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ មានករណីរថយន្តម៉ាក សាំងយ៉ុង មួយគ្រឿង បើកវ៉ាជែងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបុកនិស្សិតស្រីម្នាក់ កំពុងជិះម៉ូតូឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យស្លាប់នៅលើដងផ្លូវមួយរំពេច បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពនារីរងគ្រោះឈ្មោះ ទែន ឡៃឈា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ វ័ន វ៉ាន់ធូ ភេទប្រុស មានអាយុ២៣ឆ្នាំ រស់នៅភូមិទួលរការ ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង ពាក់ផ្លាកលេខកំពង់ស្ពឺ 2A -1036 ពណ៌ស មានទិសដៅពីត្បូង ទៅជើង​ លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងនឹងរថយន្ត១គ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿន ពេលនោះក៏មានម៉ូតូនារីនិស្សិតម្នាក់ម៉ាក ឌ្រីមសង់ C125 មួយគ្រឿង បានជិះឆ្លងកាត់ផ្លូវថ្នល់បណ្តាលឲ្យបុកពេញទំហឹង ដួលបោកក្បាលស្លាប់នៅលើដងផ្លូវមួយរំពេចតែម្តង ចំណែកអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន ។

វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះបានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់