បន្ទាយមានជ័យៈ តាចាស់វ័យ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាព យកពូថៅដៃ កាប់សម្លាប់ស្រី្តម្នាក់វ័យ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រោះទំនាស់រឿងព្រំដី ហើយបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងការិល័យកម្រិតធ្ងន់/ស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យមានឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រីឯជនរងគ្រោះមានឈ្មោះ ស៊ូ សូង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា មុនចាប់ខ្លួនកាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ជនសង្ស័យបានយកពូថៅដៃ កាប់ទៅលើក្បាលស្រ្តីជនរងគ្រោះ ចំនួន០៤ពូថៅ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ រួចជនសង្ស័យបានរត់គេចខ្លួន លុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយស្រាវជ្រាវជនសង្ស័យ ត្រូវបានចាប់ខ្លួនយកមកសួរនាំ និងចាត់ការតាមនិតី ។
យោងចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា កន្លងមករវាងខ្លួន និងជនរងគ្រោះធ្លាប់មានទំនាស់រឿងព្រំដីស្រែ ៕
មតិយោបល់