ព័ត៌មានជាតិ

រថយន្តទំនើបបុកម៉ូតូ Zoomer X ខ្ទាតទៅបុកឡាំប្រឺតា បណ្ដាលឲ្យរបួសធ្ងន់០២នាក់

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Range rover មួយគ្រឿងបើកបរដោយនារីម្នាក់ទៅបុកម៉ូតូ Zoomer X ហើយខ្ទាតទៅបុកឡាំប្រឺតា មួយគ្រឿងទៀតបន្ថែម បណ្ដាលឲ្យរងការខូចខាត និងប្រុសស្រី២នាក់ បានបាក់ជើងម្ខាងដូចគ្នា រងរបួសធ្ងន់ កាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ។

បើតាមសម្ដីតៃកុងឡាំប្រឺតា ជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បើកកង់បីឥណ្ឌា តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជើង ខណ:មកដល់កន្លែងកើតហេតុក៏ឈប់ចាំស្តុប ។ ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-6547 ធ្វើដំណើរឆ្លងស្តុបទិសដៅពីជើងមកត្បូង ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-6128 បើកបរដោយនារីម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមកបុកម៉ូតូ Zoomer X ពេញទំហឹង និងខ្ទាតទៅបុកឡាំប្រឺតាបន្ថែម បណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វើឲ្យប្រុសស្រី២នាក់ ជាម្ចាស់ម៉ូតូបាក់ជើងម្ខាងដូចគ្នា រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាម ៗ ។ដោយឡែកនារីរូបស្រស់ ជាម្ចាស់រថយន្តបង្ក ភ្លាមៗ បានទាក់ទងទៅមិត្តភក្តិ ឲ្យមកទទួលយកចេញពីកន្លែងកើតហេតុ ទុករថយន្តចោល តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានដេញឃាត់បានទាំងតៃកុង និងអ្នកនាំចេញយកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ដើម្បីដោះស្រាយ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅមន្ត្រីជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កឡាំប្រឺតា ម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ ៕

មតិយោបល់