ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូ និងរថយន្ដ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1GG-1943 បើកបរដោយឈ្មោះ ឈាង ស៊ីន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ ២០ឆ្នាំ និង ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែជាមួយគ្នា ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅ ភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ចំណុចកើតហេតុលើ បានបុកយានយន្តមិនស្គាល់អត្តសញ្ញាណ (តាមព័ត៌មានថាបុកគោយន្ត ដែលបើកឆ្លងកាត់ថ្នល់ពីលិចទៅកើត) រត់គេចបាត់ បណ្តាលឲ្យស្លាប់ទាំង ០៣នាក់នៅកន្លែងកើតហេតុ ។

សាកសពបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូខូចធ្ងន់ យកមករក្សាទុកជាភស្ដុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តការស្រាបជ្រាវតាមនិតិវិធី។

ការសន្និដ្ឋាន៖ ករណីខាងលើបណ្តាលមកពី អ្នកបើកបរម៉ូតូធ្វេសប្រហែស បើកមានល្បឿនលឿន មិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ចំណែកគោយន្តមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ៕

មតិយោបល់