ព័ត៌មានជាតិ

ករណីម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យដួល ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់ស្ត្រីម្នាក់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យដួលលើថ្នល់ ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់ស្ត្រីម្នាក់ នៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបានបើករត់គេចខ្លួន បន្តដំណើរទៅមុខទៀតបាត់ស្រមោល បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងនៅភូមិព្រៃខ្មែរ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុ គេឃើញម៉ូតូចំនួន០២គ្រឿង បើកបរបញ្ច្រាសទិសគ្នា លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូមួយគ្រឿងទៀត ដួលចូលក្រោមរថយន្តកិនស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ស្ត្រីដែលស្លាប់មានឈ្មោះឆៃ ស្រីមុំ អាយុ៣៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំជើងគ្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំណែកឯរថយន្តកិនស្ត្រីម្នាក់ស្លាប់នោះ ជាប្រភេទរថយន្តក្រឡុកស៊ីម៉ងត៍ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យ ធ្វើការវាសវែង យកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការបន្ត តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់