ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរបានជ្រុលរេចង្កូត ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងមួយដើម ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នកធ្វើដំណើរ ឬតៃកុងរថយន្តរងរបួសឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចគីឡូម៉ែត្រទី៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រទី៦ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-0274 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងជើងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ប្រមាណជាង១០០ម៉ែត្រ ស្រាប់តែរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ទើបរថយន្តអស់ល្បឿន ។ ប៉ុន្តែក្នុងហេតុការនេះដែរ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតសម្ភារៈ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះដល់ទីតាំង រួចឃាត់តៃកុងរថយន្តកុងតឺន័រ មកប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីទាក់ទងទៅខាង កម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តនិងតៃកុងទៅសាកសួរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់