ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នឹងផ្គល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែមិថុនាថា ខ្លួនកំពុងធ្វើការទៅតាមកាលវិភាគដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការពន្យារពេលមួយចំនួនក្នុងការផលិត និងការចែកចាយក្នុងតំបន់នេះ។

ក្រុមហ៊ុនអង់គ្លេស / ស៊ុយអ៊ែតមួយនេះបាននិយាយថា ប្រទេសថៃដែលកំពុងផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងស្រុកនឹងទទួលបានកូតាចំនួន ៦លានដូសដែលបានព្រមព្រៀងគ្នាក្នុងខែនេះ ខណ:ដែលការនាំចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតអាស៊ីអាគ្នេយ៍នឹងចាប់ផ្តើមនៅដើមខែកក្កដាខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca នៅប្រទេសថៃបាននិយាយថា ដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Siam Bioscience ដែលគ្រប់គ្រងដោយស្តេចថៃ ព្រះមហាក្សត្រមហា វ៉ាជីរ៉ាឡុងកន នឹងផលិតវ៉ាក់សាំងឱ្យបានចំនួន ១៨០លានដូសនៅក្នុងឆ្នាំនេះ។

ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ាក់សាំង AstraZeneca ។ ប្រទេសនេះក៏បានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនជីវសាស្រ្ត Sinovac ដែលទទួលបានចំនួន ១០,៥លានដូស ហើយវ៉ាក់សាំងចំនួន ៣៧លានដូសទៀតនឹងត្រូវដឹកបញ្ជូនមកជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលរបស់ខ្លួននៅថ្ងៃដដែលនោះបាននិយាយថា ការចាក់គ្រប់ចំនួន ២ដូសនៃវ៉ាក់សាំង Sinovac ត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ៩៥ភាគរយក្នុងការកាត់បន្ថយអត្រាមរណភាព និងរោគសញ្ញាធ្ងន់ធ្ងរ ដោយផ្អែកទៅលើការសិក្សាទិន្នន័យពិភពលោក។

នៅថ្ងៃដដែលនោះ ក្រុមការងារគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី ក៏បានផ្តល់អនុសាសន៍ចំពោះវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនជីវសាស្រ្ត Sinovac សម្រាប់កុមារដែលមានអាយុលើសពី ១២ឆ្នាំផងដែរ ព្រោះប្រទេសនេះព្យាយាមពង្រីកការចាក់វ៉ាក់សាំងចំពេលដែលមានការកើនឡើងនៃការឆ្លង។

ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍អំពីការកើនឡើងជារៀងរាល់ថ្ងៃនូវករណីឆ្លងថ្មីជាង ២០ ០០០នាក់កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការលេចចេញនៃទម្រង់វីរុសថ្មី និងការធ្វើដំណើរបន្ទាប់ពីខែតមអាហាររបស់ជនជាតិមូស្លីមដែលបានជំរុញឱ្យមានការកើនឡើងនៃការឆ្លងថ្មី។

ប្រទេសនេះបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង Sinovac ដែលជាវ៉ាក់សាំងដ៏សំខាន់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីទទួលបានប្រមាណ ៩៤លានដូស ខណ:ដែលប្រទេសនេះបានទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca និង Sinopharm ប្រមាណ ១០លានដូស៕

 

 

មតិយោបល់