បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាបណ្តាលជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ។
លោកវរសេនីយ៍ឯកសែសវិបុលអធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះខានខាហៅចំរើនភេទប្រុសអាយុ២៥ឆ្នាំនៅភូមិបត់ត្រង់ឃុំសំរោងស្រុកអូរជ្រៅ។ចំណែកជនដៃដល់ឈ្មោះនួនដារ៉ាហៅណងភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជនរងគ្រោះអង្គុយហូបបាយក្រោមផ្ទះម្នាក់ឯងខណៈពេលដែលកំពុងតែឱនដួសបាយដាក់ចានស្រាប់តែជនសង្ស័យកាន់ដែកជ្រុងដើរសំដៅទៅវាយត្រូវចំក្បាលដេរ១១ថ្នេរនិងត្រូវចំដៃដោយមិនដឹងមូលហេតុក្រោយពីវាយរួចរត់គេចខ្លួន។
លោកអធិការបានបន្តថាក្រោយពីទទួលបានបណ្តឹងជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោងបានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកូនត្រីឃុំសំរោងយកមកសួរនាំនៅនគរបាលប៉ុស្តី។
លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះនួនដារ៉ាហៅណងនេះត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាននៅរសៀលថ្ងៃទី២៩ខែមិថុនាដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់