បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបញ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រី០២នាក់ មានអាយុទើបតែ០២ឆ្នាំ បានបាត់បង់ជីវិតដោយលង់ទឹកស្រះខណៈពេលម្តាយរវល់បិទតូបលក់ឥវ៉ាន់ បង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍ដ៏គួរឲ្យសង្វែគនេះ បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី១/-ឈ្មោះ ស៊ីណា ណាមឆា ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ភិន ស៊ីណា អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ពុន តារា អាយុ២៦ឆ្នាំ និងទី២/-ឈ្មោះ ថាណាយុទ្ធ អាំផៃ ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហឿង ថាណាយុទ្ធ អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះពុន ចំប៉ី អាយុ៣១ឆ្នាំ ។ ក្មេងស្រីរងគ្រោះទាំង០២នាក់ បានលង់ទឹកស្រះខាងក្រោយផ្ទះឈ្មោះ ហឿង ថាណាយុទ្ធ និងឈ្មោះ ពុន ចំប៉ី (ក្មេងស្រី ឈ្មោះ ស៊ីណា ណាមឆា ឪពុក ម្តាយ ស្នាក់នៅផ្ទះអ៊ុ ) ។
ប្រភពដដែលបានបញ្ជាក់ថា៖តាមការបំភ្លឺពីអាណាព្យាបាលរបស់ក្មេងទាំង០២នាក់ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុក្មេងស្រីទាំង០២នាក់បានដើរលេងនៅក្នុងផ្ទះ ហើយពួកគាត់រវល់រៀបចំឥវ៉ាន់បិទតូប ក្រោយពេលរៀបចំបិទតូបរួច ស្រាប់តែបាត់ពួកគេទាំង០២នាក់ ក៏នាំគ្នាដើរក្នុងផ្ទះអស់ចិត្តតែរកមិនឃើញ បន្ទាប់មកមានការសង្ស័យក៏នាំគ្នាចុះរាវក្នុងទឹកស្រះ ដែលនៅក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រ ស្រាប់តែឃើញកូនៗរបស់គាត់ទាំង០២នាក់ លង់ទឹកស្រះស្លាប់បាត់ទៅហើយ។
ទាក់ទិនជាមួយនឹងក្មេងលង់ទឹកស្រះស្លាប់នេះ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ លោកបានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ របស់ខ្លួនដែលនៅតូចៗ ពិសេសផ្ទះដែលមានស្រះទឹកឬប្រឡាយទឹកនៅក្បែរ ប្រឈមនឹងហានីភ័យខ្ពស់ ចំពោះកូនចៅរបស់ខ្លួន ម្យ៉ាងទៀតនេះជារដូវវស្សាមានទឹកច្រើន តែយើងខ្វះការប្រុងប្រយ័ត្ននាំឲ្យបាត់បង់កូនចៅជាទីស្រឡាញ់ ៕
មតិយោបល់