ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ យកសាំងចាក់ដុតផ្ទះសម្លាប់ខ្លួនឯង

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានយកសាំងដុតផ្ទះសម្លាប់ខ្លួនឯង ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី ចំណុចក្រុមទី០៦ ភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ គី ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។ តាមការបំភ្លឺរបស់ឈ្មោះ សុំ នឿន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្ដីរបស់ខ្លួន គាត់បានអង្គុយនិយាយតែម្នាក់ឯងក្នុងផ្ទះ និងបានយកពូថៅវាយទូរស័ព្ទអស់ចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង ខ្លួនស្រែកហាមគាត់តែមិនព្រមស្ដាប់ ហើយនិយាយថា គេមកយកខ្លួនឥឡូវហើយ ចំណែកខ្លួនបានទៅដេកផ្ទះប្អូនបង្កើតរបស់ខ្លួន ។ លុះព្រឹកឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី ខ្លួនបានត្រឡប់មកផ្ទះវិញ ឃើញទ្វារបិទខ្លួនក៏បានមើលតាមប្រឡោះជញ្ជាំង ឃើញប្ដីរបស់ខ្លួនកំពុងមួលគំរបដបសាំងចាក់ពេញផ្ទះ ហើយយកដែកកេះដុតខ្លួនគាត់តែម្តង បណ្តាលឱ្យឆេះផ្ទះទាំងស្រុងនិងខ្លួនគាត់ស្លាប់តែម្តង។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ដែរថា ប្តីខ្លួនមានវិបត្តិក្នុងគ្រួសារ ពេលស្រវឹងតែងតែរករឿងប្រពន្ធជាប្រចាំ ។ ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ គី ឈាន សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាយកសាំង ចាក់ដុតខ្លួនឯងស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕

មតិយោបល់