ព័ត៌មានជាតិ

ប្រពន្ធស្រែកយំរហូតគាំងម្ដងៗ ករណីមន្ត្រីយោធាម្នាក់ ជិះម៉ូតូបុកឡានដឹកខ្សាច់ពីក្រោយ បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ នៅលើម៉ូតូ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ជិះម៉ូតូបុកពីក្រោយរថយន្តដឹកខ្សាច់ បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនងគ្រោះឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីអង្គរក្សឋានន្តរសក្ដិនាយចំណង់ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO8770 ជាមធ្យោបាយធ្វើដំណើរ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តដឹកខ្សាច់មិនស្គាល់ម៉ាកមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ និងធ្វើអោយជនរងគ្រោះបាក់ក និងបែកក្បាលហូរឈាមស្លាប់អង្គុយលើម៉ូតូយ៉ាងអាណោចអាធម៌តែម្តង ចំណែករថយន្តវិញឃើញសភាពបែបនេះ ក៏បានបើករត់គេចខ្លួនបាត់ស្រមោល។

ករណីនេះ ក្រោយពីកើតហេតុបានបន្តិច មានសាច់ញាតិមកមើល រីឯប្រពន្ធគ្រាន់តែឃើញសពប្ដីហើយ ដេកដួលឱបសពប្ដី ស្រែកយំរហូតគាំងម្ដងៗ ហេតុការណ៍នេះដែរ ក៏ឃើញមានសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូជនរងគ្រោះ ត្រូវបានរក្សាទុកដើម្បីប្រគល់ឲ្យសាច់ញាតិយកទៅប្រើប្រាស់វិញ៕

មតិយោបល់