ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ជនពិការភ្នែកម្នាក់ និងសតិមិនប្រក្រតី ដោយសារជំងឺរលាកស្រោមខួរក្បាល បានដើរកាន់ឈើច្រត់ឆ្លងកាត់ផ្លូវ ត្រូវរថយន្តបុកពេញទំហឹង ស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលចង្កូតបុកជនរងគ្រោះ កំពុងដើរឆ្លងកាត់ផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតផ្លោងបោកក្បាលទៅនឹងផ្លូវថ្នល់ រងរបួសបែកក្បាលធ្ងន់ធ្ងរ ។ រីឯរថយន្តបង្កបានបន្ថែមល្បឿនយ៉ាងលឿន បើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ភ្លាមៗនោះ សមត្ថកិច្ចនៅមូលដ្ឋាន និងរថយន្តគ្លីនិកឯកជន បានមកដល់ដឹកជនរងគ្រោះ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិជនរងគ្រោះ និងបានជូនដំណឹងទៅសាច់ញាតិឲ្យមកកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់សុភាព អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនរងគ្រោះគឺជាជនពិការភ្នែកទាំងសងខាង និងមានសតិមិនប្រក្រតីនោះទេ ដោយសារតែរយៈពេល៥ឆ្នាំកន្លងទៅនេះ ជនរងគ្រោះមានជំងឺរលាកស្រោមខួរក្បាលរ៉ាំរ៉ៃ រហូតធ្វើឲ្យក្លាយទៅជាជនពិការ ។ ចាប់តាំងពីពេលនោះមក ជនរងគ្រោះក្លាយជាមនុស្សរឹងរូសនិយាយមិនស្តាប់គ្នា ហើយក៏ធ្លាក់ដើរបាត់ពីផ្ទះផងដែរ ប៉ុន្តែត្រូវបានក្រុមគ្រួសារ តាមរកយកត្រឡប់មកមើលថែនៅផ្ទះវិញ ។ លុះដល់ថ្ងៃកើតហេតុ ដោយក្រុមគ្រួសាររបស់ជនរងគ្រោះ បានភ្លេចខ្លួនក៏ស្រាប់តែបាត់ជនរងគ្រោះពីផ្ទះ រួចក៏ប្រញាប់ប្រញាល់តាមរកភ្លាមៗ ។ រហូតអស់រយៈពេលមួយម៉ោងក្រោយមក ក៏ស្រាប់តែទទួលដំណឹងថា ជនរងគ្រោះត្រូវបានរថយន្តបុកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែង និងប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់ នៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់