ព័ត៌មានជាតិ

សាហាវណាស់! ឪពុកស្រវឹង ទាញកាំបិតកាប់កូនបង្កើត បណ្ដាលឲ្យរបួសយ៉ាងដំណំ

ពោធិ៍សាត់: កាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ត្រង់ចំណុចមន្ទីរពេទ្យចាស់ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា។

ជនសង្ស័យឈ្មោះ កែម ធូ ភេទប្រុស អាយុ៤៥ឆ្នាំ និងជនរងគ្រោះ ឈ្មោះ ជុំ ភ័ស ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹងជោគជាំ និយាយមិនដឹងខុសត្រូវ និងដើរមិនត្រង់ផ្លូវឆ្ពោះទៅផ្ទះរបស់គាត់។ ពេលទៅដល់ផ្ទះ មិនដឹងកើតអី យកកាំបិតកាប់ទៅលើកូនបង្កើតខ្លួនឯងចំនួន២កាំបិត ដែលកំពុងអង្គុយហូបបាយ បណ្តាលឲ្យរងរបួសធ្ងន់ ផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ចាប់ជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា គាត់ក៏ដឹងមិនដឹងថារូបគាត់ បានយកកាំបិតកាប់ទៅលើកូនខ្លួនឯងនោះទេ គ្រាន់តែដឹងថា ពេលគាត់ស្រវឹងម្តងៗ តែងមានអារម្មណ៍រវើររវាយថា កូនរបស់គាត់ ហាក់ដូចជាដើរមកវាយ និងកាប់គាត់ ដោយឃើញដូចនេះហើយ ទើបគាត់យកកាំបិតកាប់ទៅលើកូនគាត់ ឲ្យបានមុនពេលកូន ធ្វើសកម្មភាពមកលើរូបគាត់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់