ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូកង់បី លឿនជ្រុលបុករថយន្តដឹកគ្រឿងចក្រពីក្រោយ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បី បើកលឿនបុករថយន្តសណ្ដោងដឹកគ្រឿងចក្រពីក្រោយ កំពុងឈប់ចតរង់ចាំស្ដុប ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តម៉ាក DAEWOO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7905។
ម៉ូតូកង់បីម៉ាក បាចា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HO-2726។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ​ រថយន្តម៉ាកខាងលើ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានឈប់ចត ដើម្បីរង់ចាំស្ដុប និងបន្តដំណើរទៅមុខទៀត រំពេចក៏មានម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគាបជាប់និងម៉ូតូកង់បី បែកមុខបែកមាត់ហូរឈាមពេញខ្លួន ។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង សហការជាមួយពលរដ្ឋក្បែរកន្លែងកើតហេតុ ជួយគាស់ទាញយកជនរងគ្រោះចេញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ចំពោះវត្ថុតាង ត្រូវបានកម្លាំងជំនាញ វាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់