ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូចេញពីកន្លែងលក់ដូរ ត្រូវជនសង្ស័យម្នាក់ឆក់កាបូប បណ្តាលឲ្យដួលរលាត់ដៃជើង

ភ្នំពេញ: នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបនារីម្នាក់មិនបានសម្រេច ខណ:នាងជិះម៉ូតូចេញពីកន្លែងលក់ដូរ ត្រលប់ទៅផ្ទះវិញ បណ្តាលឲ្យដួលរងរបួស រលាត់ដៃជើង ត្រង់ម្តុំស្ពានអាកាសស្ទឹងមានជ័យ ចំណុចផ្លូវ២១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានជិះម៉ូតូកូនទាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1E2706 ធ្វើដំណើរចេញពីកន្លែងលក់ដូរ នៅត្រង់ម្តុំផ្សារស្ទឹងមានជ័យ ដោយក្នុងគោលបំណងនាងត្រលប់ទៅផ្ទះវិញនៅទួលសង្កែ ខណ្ឌឫស្សីកែវ ។ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកវ៉ាខាងស្ដាំដៃ រួចក៏ធ្វើសកម្មភាព ឆក់យកកាបូបស្ពាយដាក់ពីមុខជនរងគ្រោះ តែមិនបានសម្រេចនោះទេ ហើយក៏ធ្វើឲ្យជនរងគ្រោះដួលម៉ូតូ រងរបួសរលាត់ដៃជើង មួយចំហៀងខាងស្ដាំផងដែរ ។ ដោយឡែកជនសង្ស័យវិញ នៅពេលធ្វើសកម្មភាពមិនបានសម្រេច ហើយក៏បន្ថែមល្បឿនម៉ូតូជិះបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលទំនប់ទឹក បានចុះទៅកន្លែងកើតហេតុ និងបានសួរនាំ និងបានឲ្យនារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា តែនារីរងគ្រោះមិនព្រមទៅនោះទេ គឺនៅរង់ចាំសាច់ញាតិមកទទួលនាងយកទៅផ្ទះវិញ ៕

មតិយោបល់