ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ មានករណីឆក់កាបូប ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ នៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក ហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1P-8373តែម្នាក់ឯង។ ចំណែកជនសង្ស័យជិះម៉ូតូម៉ាក និច មិនចាំពណ៌មិនចាំស្លាកលេខឌុបគ្នា២នាក់បានបើករត់បាត់ទៅ។
ដំណើររឿង៖ មុនពេលកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះនៅជិតផ្សារចំការដូង ក្នុងគោលបំណងទៅទិញផ្លែឈើនៅផ្សារនាគមាស ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកខាងលើមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបពីគាត់តែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួលរងរបួសរលាត់ដៃជើង ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ៕
មតិយោបល់