ព័ត៌មានជាតិ

យុវជនម្នាក់ ប្រើសារធាតុញៀនលើសកម្រិត យកកាំបិតអារក បណ្តាលឲ្យហូរឈាមរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១និង៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ ប្រើប្រាស់សារធាតុញៀនលើសកម្រិត បណ្តាលឲ្យវង្វេងស្មារតី បែកគំនិតប៉ុនប៉ងលោតពីលើផ្ទះ សម្លាប់ខ្លួនចំនួន០២លើក តែមិនបានសម្រេច លើកទី០៣ យកកាំបិតអារកខ្លួនឯង បណ្តាលឲ្យរយះហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចផ្លូវ៦៣ កែងផ្លូវ១៥៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យ៉ាន់ រ៉ា អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ មានស្រុកកំណើតនៅភូមិថ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុ វេលាម៉ោង០៩យប់ គឺយុវជនខាងលើ ដែលជាអ្នកប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានវង្វេងស្មារតី និយាយតែម្នាក់ឯងថា មានគេតាមសម្លាប់ខ្លួន និងបានរត់ឡើងលើផ្សារអូរឫស្សី ត្រង់ចំណុចចំណតរថយន្ត បម្រុងលោតចុះមកក្រោម តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខជួយទាន់ បានចាប់ទាញឲ្យចុះមកក្រោមវិញដល់ដី យុវជននោះ ក៏ដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ ។ លុះពេលមកដល់វេលាម៉ោង១១យប់ ស្រាប់តែយុវជននេះដដែល បានផ្លោះរបងចូលផ្ទះអង្គការមួយកន្លែង មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងសង្កាត់ផ្សារថ្មី ហើយមកដល់ជាន់លើ រួចលោតចុះមកក្រោម ទើរលើរថយន្ដមួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់មុខ ចំណែកជនរងគ្រោះរបួសថ្លោះជើងខាងស្តាំ និងដាច់រលាត់តិចតួច ។

បន្ទាប់មកខាងអង្គការ ក៏បានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍នៅកន្លែងកើត តែមិនបានប្តឹងផ្តល់អ្វីនោះទេ និងថែមទាំងឲ្យសមត្ថកិច្ច ជួយហៅរថយន្ដសង្គ្រោះមកដឹកយុវជនខាងលើ ទៅព្យាបាលរបួសថែមទៀត ។ ប៉ុន្តែសមត្ថកិច្ចទាក់ទងហើយគ្មានរថយន្តសង្គ្រោះ មន្ទីរពេទ្យណាហ៊ានមកដឹកនោះទេ ។ ពេលនិយាយសួរនាំជនរងគ្រោះ ប្រាប់ថា ចង់ទៅស្រុកវិញ ឲ្យសមត្ថកិច្ចជូនគេទៅបេនឡានផង ។ ដោយសារយប់ជ្រៅទៅហើយ សមត្ថកិច្ចក៏បាននាំយុវជនខាងលើ ឲ្យមកសំរាកនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣សិន និងបានទិញទឹកនំចំណីមកហូបទៀតផង ។ ពេលឆ្អែតមានកម្លាំង ស្រាប់តែយុវជននេះ បានស្ទុះរត់ចេញពីប៉ុស្តិ៍មកដល់មុខ្លោងទ្វារ ក៏បានទាញកាំបិតតូចមួយ ដែលលាក់ទុកក្នុងខ្លួន យកមកអារកខ្លួនឯងមួយទំហឹង បណ្តាលឲ្យដាច់រយះហូរឈាមស្រោចពេញខ្លួន ហើយក៏រត់ចេញពីប៉ុស្តិ៍មកដល់ផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៨ ក៏អស់ខ្យល់ដេកដួល និងថ្នល់រត់ទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងពេញដងផ្លូវ ។

ក្រោយពេលកើតហេតុ យុវជនខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត បានចេញមកដឹកយកទៅសង្គ្រោះ ៕

មតិយោបល់