ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីគាស់ទ្វារបង្អូចលួចទ្រព្យសម្បត្តិ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វា ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ករណីលួចគាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

ជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង៣០នាទី ជនសង្ស័យបានដើរចេញពីផ្ទះជួលរបស់ខ្លួន មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លុះដល់ម៉ោងកើតហេតុជនសង្ស័យ ក៏បានឡើងតាមដំបូលខាងក្រោយ នៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ធ្វើសកម្មភាពយកដៃទាញគាស់បង្អូចផ្ទះរបស់ជនរងគ្រោះ ដែលពុំមានលក្ខណ:រឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បានសម្រេចរួចគេចខ្លួនបាត់ ។

វត្ថុតាងចាប់យក៖ ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរម៉ឺនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន ០១ គ្រឿងម៉ាក LONGINE ខ្សែពណ៌ ខ្មៅ, ទូរស័ព្ទដៃម៉ាក អាយហ្វូនអ៊ីចម៉េក ពណ៌ទឹកមាស ស៊ីម ចំនួន០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន ០១ គ្រឿង ។

សម្ភារ:បាត់បង់៖ ដុំមាសមួយដុំ ទម្ងន់ កន្លះគីឡូ, ប្រាក់រៀលចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, ពេជ្រពីរឈុត តម្លៃ៣៨,០០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ចំនួន ០១គ្រឿង.

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់