ភ្នំពេញៈ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកទ្វារផ្ទះពលរដ្ឋ ហើយមានយុវជនមួយក្រុមទៀត មកធ្វើសកម្មភាព វាយកម្ទេចរថយន្ត រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចរបងបឋមសិក្សាអង្គអេង ផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ២៩២ កែងនិងផ្លូវ១២៩ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកឡុចស៊ីស NX200 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-9088 ។ ដោយបើកធ្វើដំណើរ តាមបណ្ដោយផ្លូវ២៩២ ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន ។លុះដល់ចំណុចកើតហេតុ រថយន្តនោះ ក៏បានបួងចង្កូតបត់ស្តាំទៅផ្លូវ១២៩ ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកទ្វារផ្ទះកើតហេតុ បណ្តាលឲ្យបាក់ខូចខាត អស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងស្ដាំយ៉ាងដំណំ ។ ភ្លាមៗនោះអ្នកបើកបររថយន្ត ក៏បានចុះពីលើរថយន្តទៅឡើង ជិះម៉ូតូកង់បីមួយគ្រឿងទៀត គេចខ្លួនបាត់អស់ ។ ស្រាប់តែមានយុវជនមួយក្រុមទៀត ជិះម៉ូតូជាច្រើនគ្រឿង ដៃប្រដាប់ទៅដោយដុំថ្មដបស្រាបៀរ ហើយបានឈប់ ចុះមកវាយបំបែកកញ្ចក់រថយន្ត ដោយមិនដឹងថា យុវជនទាំងនោះ មានរឿងអ្វីជាមួយ និងអ្នកបើករថយន្តនោះទេ ។ បន្ទាប់ពីវាយបំបែកកញ្ចក់រថយន្តរួច ក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួន ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ និងទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕
មតិយោបល់