ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្ត និងនគរបាលខណ្ឌ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីលួចម៉ូតូ

តាកែវៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសចោរលួច ឆក់ប្លន់ គ្រឿងញៀន ក្មេងទំនើង នៅក្នុងមូលដ្ឋានខេត្តឲ្យដូចភ្លៀងរលឹម ជាពិសេសអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននឝរបាលក្រុងដូនកែវ និងកម្លាំងសមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ប្រុស) ក្នុងចំណោមបក្ខពួក០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ចេង វណ្ណដែង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ហ៊ិន ធូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ យន់ សុខចាន់ (ហៅ ចាំង) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អ៊ុក ចាន់នី(ហៅសូនី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៥- ឈ្មោះ ពូន ឧត្តម ភេទប្រុស (គេចខ្លួន) ជនសង្ស័យទាំង០៥ នាក់ មានទីលំនៅភូមិបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមរំលឹកដែរថា ករណីអំពើលួចកាច់សោរកម៉ូតូបានកើតឡើង កាលពីថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៣០នាទីនៅចំនុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AD-9288 របស់ជនរងគ្រោះឈ្មោះ ស៊ិន ស៊ីដែន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

វត្ថុតាងដែលនគរបាលដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង (ឧបករណ៍សោរកែច្នៃ) សម្រាប់ធ្វើសកម្មភាព០១ដើម ។
បច្ចុប្បន្ន ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ និងស្វែងរកបក្ខពួកគេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

មតិយោបល់