ព័ត៌មានជាតិ

កូនស្រីចិត្តឆៅម្នាក់ ខឹងម្តាយស្តីបន្ទោសរឿងលេងទូរស័ព្ទ ចូលបន្ទប់ចងកស្លាប់បាត់

ភ្នំពេញៈ យុវតីម្នាក់ខឹងម្តាយស្តីបន្ទោស បែរជាសម្រេចចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ និង០០ នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅផ្ទះលេខAC៥១ ផ្លូវលេខ៤ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ណុច ស្រីពេជ្រ អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខAC៥១ ផ្លូវលេខ៤ បុរី ឡេងណាវាត្រា ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

យោងតាមការឆ្លើយបំភ្លឺពីឈ្មោះ សុន ឡី ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាម្ដាយបង្កើត នៃសពបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃគឺកូនស្រីរបស់គាត់ តែងតែអង្គុយលេងទូរស័ព្ទ រហូតពុំសូវជួយការងារផ្ទះនោះទេ ហើយគាត់ជាម្ដាយតែងតែ ស្ដីបន្ទោសឲ្យបន្តិចបន្តួច ។ លុះមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨និង០០ នាទីល្ងាច ពេលនោះគាត់ជាម្ដាយក៏បានស្ដីបន្ទោសឲ្យបន្តិចបន្តួចទៀត ហើយពេលយប់ឡើងឈ្មោះណុច ស្រីពេជ្រ ក៏បានចូលដេកក្នុងបន្ទប់ រួចខ្ទាស់គន្លឹះពីខាងក្នុងជាប់ រហូតដល់ពេលព្រឹកឡើងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦ និង ០០ នាទីព្រឹក ម្ដាយពុំឃើញកូនស្រីក្រោកពីដំណេក គាត់ក៏បានស្រែកហៅដែរតែពុំមិនមានការឆ្លើយតប គាត់ក៏ស្រែកប្រាប់បងប្អូន ឲ្យមកធាក់ទ្វារបន្ទប់នោះមើល ពេលនោះក៏ស្រាប់តែឃើញកូនស្រី បានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ ក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងជំនាញកោសល្យវិច័យ ចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់