ព័ត៌មានជាតិ

កូរ៉េខាងជើង៖ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងជាមិត្តភាព និងជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយប្រទេសវៀតណាម ខណៈដែលត្រូវបានកត់សម្គាល់ដោយខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេកាលពីប្រមាណជាប្រាំមួយទសវត្សរ៍មុន។

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់ និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ»។

 

ក្រសួងនោះបាននិយាយបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ស្របពេលដែលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។

ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីក្នុងឆ្នាំ ១៩៥៨ និងឆ្នាំ ១៩៦៤ ហើយបានជួបជាមួយមេដឹកនាំវៀតណាម លោក ហូ ជីមិញ។

មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីក្នុងឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំកំពូលលើកទី ២ របស់លោកជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលវាបានក្លាយដំណើរទស្សនកិច្ចដំបូងបង្អស់របស់មេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេល ៥៥ឆ្នាំមកនេះសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីលោកតារបស់លោក។

ការសង្កត់ធ្ងន់ជាថ្មីរបស់កូរ៉េខាងជើងទៅលើចំណងមិត្តភាពរបស់ខ្លួនជាមួយវៀតណាម បានកើតឡើងបន្ទាប់ពីប្រទេសនេះបានប្តេជ្ញាជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសសង្គមនិយម នៅក្នុងកិច្ចប្រជុំគណបក្សពេញអង្គមួយកាលពីក្នុងខែមករា។

 

 

កាលពីខែមីនា លោក គីម បានផ្ញើសារផ្ទាល់មាត់ទៅកាន់មេដឹកនាំប្រទេសគុយបា វៀតណាម និងឡាវ ហើយបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាងមុន។​ ប្រទេសកូរ៉េខាងជើង និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ ១៩៥០៕

 

មតិយោបល់