ព័ត៌មានជាតិ

ជនសង្ស័យជំនាញកាច់សោរ.ក ម៉ូតូ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១៧និង៣០នាទីលោកវរសេនីយ៍ទោអ៊ូចម៉ៅអធិការនគរបាលស្រុកត្រពាំងប្រាសាទបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងយោធាវរសេនាតូចអន្តរាគមន៍លេខ២៦២នៃកងពលតូចអន្តរាគមន៍លេខ៦ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធករណីលួចកាច់សោរកយកម៉ូតូចំនួន០១គ្រឿងនៅចំណុចក្បែរទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍២៦២ស្ថិតក្នុងភូមិអូររំដេងឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទកាលពីវេលាម៉ោង១៣និង០០នាទី។

ជនសង្ស័យមានឈ្មោះឈុនឆៃវ៉េភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិស្រែក្រសាំងឃុំ-ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងឈ្មោះអាងសម្បត្តិភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅភូមិត្រាំប៉ោងឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ជាមួយនឹងការឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូ០១គ្រឿងនិងសម្ភារៈសម្រាប់កាច់សោរកម៉ូតូមួយចំនួនទៀត។

ករណីនេះកម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយក៏ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៣៥៣និង៣៥៦នៃក្រមព្រហ្មទណ្ឌ៕

 

មតិយោបល់