ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ទៅតុលាការដើម្បីចាត់ការបន្ត

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យជាក្រុមចោរប្លន់ ប្រដាប់អាវុធ ចំនួន ២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបាឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី២ឈ្មោះ ឥន ចាន់ដារ៉ូត ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងផ្ទះជួលតែមួយ តាមផ្លូវបេតុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយពីពួកគេបាន ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា និងបាញ់ប្លន់យកម៉ូតូមួយគ្រឿងទៀត ពីបុរសម្នាក់ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតកាំភ្លើង ចំនួន ២ដើម មានគ្រាប់ ៥គ្រាប់ ម៉ូតូ ម៉ាកហុងដាសេ១២៥ចំនួន ១គ្រឿង និងសម្ភារៈជាវត្ថុតាងជាច្រើនផ្សេងទៀត៕

https://youtu.be/mIHbIK8DIFk

មតិយោបល់