ព័ត៌មានជាតិ

រាំជាន់ជើងគ្នា ទាញដែកទីបវាយរយះក្បាល

បាត់ដំបងៈ ជារឿយៗ គេតែងឃើញរាល់ពេលដាក់ធុងបាស់រាំលេងកម្សាន្តម្ដងៗ តែងតែផ្ទុះហិង្សាវាយកាប់ចាក់គ្នា ដោយសាររាំឌឺដង និងរាំជាន់ជើងគ្នា ពិសេសរាំកាងស្រីកំណាន់ចិត្ត។

ជាក់ស្ដែងនៅក្នុងបរិវេណវត្តអង្គអែម ហៅវត្តផ្លូវ៥ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តដំបង កាលពីវេលា១០យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ មានដាក់បាស់រាំលេងកម្សាន្ត ស្រាប់តែបង្កជាហិង្សាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ផ្ដើមចេញពីការរាំជាន់ជើងគ្នា។

នាយកប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំពេជ្រចិន្ដាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ ផានិត (ហៅវែង) មានទីលំនៅក្រុមទី៣ ភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរលក់មាន់ ត្រូវបានជនសង្ស័យឈ្មោះ វុធ ស៊ីម៉េត ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមកធ្វើជាកម្មករសំណង់នៅភូមិឃុំកើតហេតុ បានយកបំពង់ទីបវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរយះក្បាលដេរអស់១៧ថ្នេរ ដោយសារតែជនរងគ្រោះរាំជាន់ជើងជនសង្ស័យ។

ក្រោយបង្កហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកភ្នំព្រឹក ដើម្បីចាត់ការបន្ត៕

photo_2016-09-17_12-49-29photo_2016-09-17_12-49-37photo_2016-09-17_12-49-18photo_2016-09-17_12-49-22

មតិយោបល់