ព័ត៌មានជាតិ

ករណីកាប់ជនរងគ្រោះដាច់កដៃឆ្វេង នៅខេត្តព្រះសីហនុ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់បាននៅរាជធានីភ្នំពេញ

ព្រះសីហនុ: យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច មានករណីអំពើហិង្សារវាងកម្មករសំណង់ដូចគ្នា បង្កឡើងដោយជនសង្ស័យឈ្មោះ វង្ស វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យដាច់កដៃឆ្វេង ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ វង្ស វាស្នា បានរត់គេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យឈ្មោះ វង្ស វាស្នា នាវេលាមោង១១និង៤០នាទី នៅចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ៕

មតិយោបល់