ព័ត៌មានជាតិ

ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញា០២នាក់ យកថ្មគប់បែកក្បាលជនរងគ្រោះ ព្រោះរឿងគំនុំ

តាកែវៈ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែតលេខ ៦៦-៦៧ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង ប្រើថ្ម គប់ មកលើជនរងគ្រោះម្នាក់ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យរងរបួសត្រង់ក្បាលជាទម្ងន់ ។ លុះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយជនរងគ្រោះឈ្មោះ ណុប ទូច ភេទស្រី អាយុ៥៣ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលសំរោង ដើម្បីសមត្ថកិច្ចស្រាវជ្រាវ ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល នីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួន០២នាក់៖

១-ឈ្មោះ រ៉េត ស៊ីវទី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្តៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ (ជនដៃដល់) ។
២-ឈ្មោះ តាយ ផានិត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដូនតី ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ (អ្នកបើកម៉ូតូ) ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាព គប់ទៅលើជនរងគ្រោះប្រាកដមែន ព្រោះរឿងគំនុំ ពេលលេងបាល់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

មតិយោបល់