ភ្នំពេញៈ មានករណីជនសង្ស័យចំនួន១៨នាក់ ក្នុងចំណោមនោះមានមួយចំនួន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្វើសកម្មភាពខុសច្បាប់ បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ត្រូវបាននគរបាលបង្រ្កាបចាប់ខ្លួន ខណៈជនសង្ស័យធ្វើសកម្មភាព ស្លៀកពាក់គ្រងស្បង់ចីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត រៃអង្គាសប្រាក់ ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ត ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង១៨នាក់ ក្នុងនោះ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និងម្នាក់ជាតៃកុងឡាន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលព័ត៌មាន ប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅ ក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ចីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត រៃអង្គាសប្រាក់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ ។
ក្រោយពីទទួលព័ត៌មាននោះភ្លាម លោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដាន ស្រាវជ្រាវអំពីសកម្មភាព មុខសញ្ញាជនសង្ស័យ ។ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ចីវរក្លែងជាព្រះសង្ឃ០៩នាក់ និងម្នាក់ទៀតជាតៃកុងឡាន ត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡាន បានបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះហើយ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត ។ ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបាន ព្រះអនុគណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ចីវរទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចយកចាត់ការតាមផ្លូវច្បាប់ ។ ក្នុងចំណោមជនសង្ស័យទាំងនេះ មាន០៧នាក់បានធ្វើតេស្ត រកឃើញប្រើប្រាស់គ្រឿងញៀន ។
តាមចម្លើយសារភាព ពីជនសង្ស័យថា ពួកគេធ្វើសកម្មភាព ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតជាយូរមកហើយ ក្រោមការចាត់ចែង របស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុងម្នាក់ពីរ៣ម៉ឺន ទៅ៣ម៉ឺ៥ពាន់រៀលក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀត គឺពួកខ្លួន យកមកចាត់ចែងចាយវាយ ។
បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់