ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក រេចង្កូតឆ្លងផ្លូវ ត្រូវរថយន្តបុកដាច់ជា៣កំណាត់ សំណាងម្ចាស់មិនអី

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តឃ្លប់ដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉ក សំណាងអ្នកបើកបរមិនមានរបួស បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិនៅតាមបណ្តោយផ្លូវបេតុង ស្របផ្លូវរថយន្ត ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឃ្លប់ដឹកទំនិញ ប្រភេទ៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-6281 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅពីលិចទៅកើត បានរេចង្កូតមកឆ្វេង បណ្តាលឲ្យរថយន្តបុកយ៉ាងពេញទំហឹង ម្ចាស់លោតគេចផុត ចំណែកម៉ូតូរ៉ឺម៉កដាច់កង់ ចេញពីទ្រុងរ៉ឺម៉ក និងម៉ូតូដាច់ត្រូវរថយន្តអូសធ្លាក់ប្រឡាយ ប្រហែល៥ម៉ែត្រទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែង និងភាគីទាំងសងខាង សម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់