ព័ត៌មានជាតិ

សឹង្ហបុរី បានបើកឲ្យ​ដំណើរការ មណ្ឌលផលិតចរន្ត​អគ្គិសនី​ដើរដោយ​​ផ្ទាំងសូឡា ដែលគេសាងសង់​បណ្តែតពី​​លើ​ផ្ទៃទឹក​បឹង​សិប្បនិម្មិត

យោងតាម ក្រុមហ៊ុន Sembcorp Industries និងរដ្ឋករទឹក​សិង្ហបុរី ដែលជា​អ្នក​សហការគ្នា ​សម្រេច​គម្រោងនេះ គឺផ្ទាំង​សូឡាទាំង ១២២០០០ផ្ទាំងនេះ នឹង​​អាច​ផលិត​​ចរន្តអគ្គិសនី បានចំនួន​ ៦០ម៉េហ្កាវ៉ាត់ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​បន្សុទ្ធទឹក​ ចំនួន​៥ទីទាំង។ ការផលិតអគ្គិសនី​ដោយ​ប្រើពន្លឺ​ព្រះអាទិត្យនេះ នឹង​អនុញ្ញាតឲ្យ​គេអាច កាត់​បន្ថយ​​ការបញ្ចេញ​​ឧស្ម័ន​កាបូនិក ស្មើនឹងរថយន្ត​៧០០០គ្រឿង ជា​រឿងរាល់ឆ្នាំ។

គួរបញ្ជាក់ថា បើប្រៀបធៀបទៅនឹងចំនួន​ប្រជាជន សិង្ហបុរីគឺជា​ប្រទេសដែល​​បាន​បញ្ចេញ​ឧស្ម័នកាបូនិក ទៅ​ក្នុង​​បរិយាកាស ច្រើន​បំផុត។ តែយ៉ាងណា ប៉ុន្មាន​​ឆ្នាំ​​ចុងក្រោយ​​នេះ រដ្ឋាភិបាល​សិង្ហបុរី បាន​​ប្រកាស​អំពី​គម្រោង​ជាច្រើន ក្នុងការ​កាត់បន្ថយ​​ឧស្ម័ន​កាបូនិក។ ក៏ប៉ុន្តែ​ជាមួយ​នឹង ផ្ទៃដី​តូចចង្អៀត គឺវា​មិនមែន​ជារឿង​ងាយ​​ស្រួលទេ ក្នុង​​ការ​សាងសង់​ ទីតាំង​ផលិត​​ថាមពលស្អាតស្អំ។

កាលពី​ខែកុម្ភៈ រដ្ឋាភិបាលសិង្ហបុរី បាន​បង្ហាញ​នូវ « ​ផែន​ការបៃតង » របស់ខ្លួន ដែល​មាន​កំណត់នូវ ​ការ​​ដាំដើម​ឈើ ការ​កាត់បន្ថយ​​កាកសំណល់​សំរាម ព្រមទាំង​​ការ​សាងសង់​បន្ថែម នូវ​​បង្គោលសាកថ្ម​រថយន្ត​ដើរដោយ​​ប្រព័ន្ធអគ្គិសនី ជាដើម។ សិង្ហបុរី​មាន​បំណង​ផលិត​​​ចរន្តអគ្គិសនី បាន​​មកពី​ផ្ទាំង​សូឡា ឲ្យ​បាន​៣% នៅរវាង​​ឆ្នាំ​២០៣០ ដែល​ស្មើនឹង​ចរន្តអគ្គិសនី​ប្រើប្រាស់​នៅតាម​ផ្ទះ ចំនួន​៣៥០០០០​ផ្ទះ ក្នុងមួយឆ្នាំ។​

ទោះជាយ៉ាងនេះក្តី ផែនការបៃតង របស់រដ្ឋាភិបាល​សិង្ហបុរី នៅតែ​ត្រូវបាន​​អ្នកជំនាញ​បរិស្ថាន ចាត់ទុក​ថាមិន​គ្រប់គ្រាន់ទេ ខណៈ​ដែល​​ប្រទេស​ដ៏តូចនេះ នៅតែ​រំពឹង​ចរន្តអគ្គិសនី​ចំនួន​៩៥% បានមកពី​ចំហេះ​​ឧស្ម័ន​ធម្មជាតិ និង​​ប្រេងឥន្ធនៈ។ ជាងនេះ​ទៀត វិស័យ​ឧស្ម័ន​ និង​​ប្រេងឥន្ធនៈ គឺជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ ដែល​មាន​ប្រហែសបាន សម្រាប់សិង្ហបុរី។

 

មតិយោបល់