ព័ត៌មានជាតិ

រថយន្តព្រូស បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យកម្មករសំណង់ពីរនាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឱ្យកម្មករសំណង់របួសស្រាលម្នាក់ និងម្នាក់ទៀតសន្លប់ធំស្ដូកស្ដឹង ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន១០៨ កែង៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ កម្មករសំណង់ទាំងពីរនាក់ បានជិះម៉ូតញហ៊្សូមើអ៊ិច ពណ៌ស ពាក់ស្លាកលេខសៀមរាប 1U-6768 ធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវ១០៨ ពេលមកដល់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-9723 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវ៥១ ក្នុងល្បឿនលឿនដូចគ្នា បានបុកម៉ូតខ្ទាតបោកដួលអ្នកឌុបរបួសស្រាល និងអ្នកជិះពីក្រោយពកក្បាលសន្លប់ធំ ត្រូវបានរថយន្តសង្គ្រោះ (សែនជ័យ) ដឹកទៅសង្គ្រោះភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានមកដល់ ដោយនៅសល់តែភាគីម្ខាង ទើបសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ ទំនាក់ទំនងនៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

មតិយោបល់