ក្នុងយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទឹកភ្លៀងធ្លាក់ជោគជាំ បានធ្វើឲ្យជន់លិចតាមស្ទឹងតាមទន្លេ និងហូរបោកបំបាក់ដើមឈើ និងផ្ទះសម្បែងជាច្រើនខ្នង នៅភាគខាងលិចអឺរ៉ុប មានបារាំង អាល្លឺម៉ង់ លុចហ្សំបួរ ប៊ែលហ្ស៊ិក និងហូឡង់។
នៅប៊ែលហ្ស៊ិក មានស្លាប់យ៉ាងហោច ៦នាក់។ នៅក្រុងលីយ៉ែហ្ស ដែលជាទីក្រុងធំទី២របស់ប៊ែលហ្ស៊ិក អាជ្ញាធរបានជូនដំណឹង ឲ្យប្រជាជនដែលរស់នៅទាំងសងខាង នៃដងទន្លេ មើហ្ស (Meuse) ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ អាជ្ញាធរហូឡង់ និងលុចហ្សំបួរ ក៏បានបញ្ជាក់ អំពីការខូចខាតយ៉ាងដំណំដែរ ដោយសារជំនន់ទឹកភ្លៀង។
ដោយឡែក តំបន់ដែនដី២ ស្ថិតនៅភាគខាងលិចអាល្លឺម៉ង់ បានរងគ្រោះធ្ងន់ធ្ងរបំផុត គឺតំបន់ Rhénanie-du-Nord-Westphalie និងតំបន់ Rhénanie-Palatinat។ យោងតាមការបូកសរុប របស់សមត្ថកិច្ចអាល្លឺម៉ង់ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៥កក្កដា មានមនុស្សស្លាប់ ប្រមាណជាង៤០នាក់។ ចំនួនមនុស្សស្លាប់អាចមានច្រើនជាងនេះ ដោយសារតែនៅមានអ្នកបាត់ខ្លួន ប្រមាណជា៥០ ទៅ ៦០នាក់ទៀត។ ជាមួយនឹងទឹកហូរគួចត្របាញ់ កាត់តាមភូមិ និងទីប្រជុំជន ក្រៅពីបណ្តាញដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវដែកត្រូវកាត់ផ្តាច់ ផ្ទះសម្បែងចំនួនប្រមាណ១៣៥០០០ខ្នង នៅភាគខាងលិចអាល្លឺម៉ង់ ពុំមានចរន្តអគ្គិសនីប្រើទេ។ អាជ្ញាធរអាល្លឺម៉ង់ បានបញ្ចេញកម្លាំងទាហានចំនួន៣០០នាក់ ដើម្បីជួយសង្គ្រោះប្រជាជន។
លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានលើកឡើងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដ៏ធ្ងន់ធ្ងរ និងលឿនរហ័សបំផុតនេះ វាបានស្តែងឲ្យឃើញអំពី ផលវិបាកនៃបម្រែបម្រួលអាកាសធាតុ។ លោក Armin Laschet ដែលតាមការរំពឹងទុក គឺអាចជាអ្នកឡើងមកបន្តតំណែង បន្ទាប់ពីលោកស្រីមែរកិលនោះ បានលើកឡើងថា វាគឺជារឿងចាំបាច់បំផុត ដែលត្រូវតែពន្លឿនវិធានការ ប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី មិនថាក្នុងក្របខណ្ឌជាតិ អឺរ៉ុប ឬពិភពលោក៕
មតិយោបល់